Wednesday, August 2, 2017

៧ឆ្នាំហើយ ទំនាស់ដីធ្លីនៅស្រុកពារាំង ខេត្តព្រៃវែង ដោះមិនចេញ ពលរដ្ឋទៅរកគ្រូទាយមើល...

News New : គិតមកដល់ត្រឹមនេះ ជិត ៧ឆ្នាំមកហើយ ដែលទំនាស់ដីធ្លីដ៏រ៉ាំរៃនៅឃុំរាប ស្រុកពារាំង
ខេត្តព្រៃវែង គឺគ្មានដំណោះស្រាយណាមួយ ធ្វើឱ្យពលរដ្ឋរងគ្រោះស្ងប់ចិត្តឡើយ រហូតដល់ពលរដ្ឋ
ខ្លះ បានទៅរកគ្រូទាយមើលពីលទ្ធផលនេះទៀតផង។ បើតាមពលរដ្ឋ ដែលទៅរកគ្រូទាយនោះ ថា
ឆ្នាំ២០១៨ នឹងមានការដោះស្រាយដ៏ត្រឹមត្រូវមួយហើយ។

ភ្នាក់ងារ News New ដែលបានទៅដល់ដីកើតហេតុ និង បានស្តាប់ពលរដ្ឋបញ្ជាក់ប្រាប់នោះ ស្ទើរតែ ទប់សំណើចមិនបាន ព្រោះប្រទេសខ្មែរយើងគឺមានច្បាប់ទំលាប់ត្រឹមត្រូវ មានតាំងពីអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ រហូតដល់តុលាការគ្រប់ជាន់ថ្នាក់។ ចុះតើហេតុអ្វីបានជាប្រជាពលរដ្ឋ បែរជានាំគ្នា ទៅរកគ្រូទាយទៅវិញ ? ប្រជាពលរដ្ឋ ដែលទៅរកគ្រូទាយមើលនោះ ក៏បញ្ជាក់ប្រាប់ ភ្នាក់ងារ News New វិញថា ពួកគាត់ប្តឹងច្រើនណាស់ហើយ គឺតាំងពីឆ្នាំ២០១២មកម្លេះ ដែលកាលណោះ ឯកឧត្តម
អ៊ុង សាមី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានចេញសេចក្តីសំរេចថា ដីកន្លែងនេះ គឺទុកជា សាធារណ: និងព្រមឱ្យពលរដ្ឋចាក់ដីធ្វើលូ ចេញចូលទៅស្រែបានទៀត ។ ប៉ុន្តែអាជ្ញាធរឃុំ ស្រុក ពី
សម័យនោះ មិនព្រមអនុវត្តឡើយ ព្រោះតែដីទាំងនោះត្រូវបានមេឃុំ និងអភិបាលរងម្នាក់ ព្រមទាំង អភិបាលស្រុក លក់ឱ្យបុគ្គលឯកជនអស់ហើយ ។ ក្រោយមកទៀត ពលរដ្ឋ បានដាក់សំណើសុំកិច្ច
អន្តរាគម ស្ទើរគ្រប់ក្រសួង ស្ថាប័ន និងមានចំណារឱ្យអាជ្ញាធរខេត្ត ដោះស្រាយផងដែរ ។ ប៉ុន្តែគ្មាន
ប្រយោជន៍ឡើយ ព្រោះអ្នកដែលមកដោះស្រាយ ត្រឹមតែមកដល់សាលាស្រុក ហើយក៏ទៅវិញទាំង ស្ងាត់ឈឹងតែម្តង។

រហូតមកដល់ថ្មីៗនេះ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧  ក្រសួងរៀបចំដែនដី នគរូបនីយកម្ម  និង សំណង់ ក៏បានចេញលិខិតមួយបញ្ជូនសំណុំរឿងនេះ តាមសំណើរបស់ប្រជាពលរដ្ឋ ៣១១គ្រួសារ ដែលមានឈ្មោះ លឹម ស៊ីវគីន , ហៀង លាងអ៊ីម និង ប្រុក លីគ័ង ជាតំណាង ដោយស្នើរក្សាទុកនូវ
ប្រឡាយ និងចំណីប្រឡាយ ប្រើជាសម្បត្តិសាធារណ: ស្របទៅតាមការសំរេច របស់ឯកឧត្តម អ៊ុង សាមី អតីតអភិបាល នៃគណ:អភិបាលខេត្តព្រៃវែង កាលពីឆ្នាំ២០១២ អោយអភិបាលនៃគណ:អភិ បាលបច្ចុប្បន្ន គឺឯកឧត្តម ជា សុមេធី ដោះស្រាយជូនពលរដ្ឋ។បន្ទាប់មកទៀត នៅថ្ងៃទី១៩ ឧសភា
ឆ្នាំ២០១៧ ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានចេញ ដីកាបញ្ជូនសំណុំរឿង
នេះ ឱ្យអភិបាលខេត្ត ពិនិត្យ ជាសមត្ថកិច្ចផងដែរ។ មិនយូរប៉ុន្មាន គេឃើញអភិបាលរងខេត្តព្រៃវែង
ដែលទើបនឹងឡើងថ្មី  ក៏មកដោះស្រាយរឿងនេះមែន តែការដោះស្រាយនោះ គ្មានលទ្ធផលឡើយ បានត្រឹមតែប្រជាពលរដ្ឋរឹតតែខឹងអាជ្ញាធរខេត្តថែមទៀត ព្រោះលោកអភិបាលរង រូបនោះ បានប្រើ
ពាក្យពេចន៍មួយចំនួន បែបមិនសមរម្យទៀតផង។ យូរៗទៅអ្នកដែលតែងតែប្តឹងពីរឿងនេះ ក៏នាំគ្នា
ឈប់ប្តឹង ព្រោះមើលទៅគ្មានសង្ឃឹមឡើយ។

ដោយហេតុផលទាំងអស់នេះហើយ បានជាប្រជាពលរដ្ឋដែលនៅតស៊ូមតិប្តឹង នាំគ្នាទៅរកគ្រូទាយ
មើលម្តង តើមានសង្ឃឹម ឬអត់ ?

News New ចោទជាសំណួរថា គ្រាន់តែប្រជាពលរដ្ឋ ស្នើសុំរក្សាទុកប្រឡាយ និង ចំណីផ្លូវប្រឡាយ
ដែលបំរើឱ្យផលប្រយោជន៍រួម ហេតុអីបានជាអាជ្ញាធរមិនអាចដោះស្រាយឱ្យពួកគាត់បាន ?

(នៅលេខបន្ត យើងខ្ញុំ នឹងបង្ហាញឯកសារទិញលក់ដីសាធារណ: និងឈ្មោះអាជ្ញាធរលក់ដូរដីនេះ )


 សូមទស្សនា ចំណារខ្លះៗ ខាងក្រោម ៖








អត្ថបទ ៖ មិថុនារដ្ឋ





0 comments:

Post a Comment