Tuesday, August 15, 2017

លោក មាស រិទ្ធី រងការរិះគន់កាន់តែខ្លាំង ទោះបីជាលោកនិយាយសុំទោសហើយក្តី ...

News New : ក្រុមសកម្មជនសិទ្ធិស្ត្រី កាលពីម្សិលម៉ិញនេះ បានច្រានចោលការសុំទោសពីសំណាក់ ពិធីករព័ត៌មានទូរទស្សន៍ដ៏ល្បីល្បាញ១រូបគឺលោក មាស រិទ្ធី ចំពោះការធ្វើអត្ថាធិប្បាយរបស់លោក ថា ជនចាប់រំលោភ និងឃាតករ គួរតែទុកជីវិតឲ្យជនរងគ្រោះដើម្បី“ទុកប្រើប្រាស់ទៀត”ហើយបាន លើកឡើងថា លោកគ្មានបំណងសុំទោសដោយសុទ្ធចិត្តនោះទេ។

លោក មាស រិទ្ធី អគ្គនាយករង នៃស្ថានីយទូរទស្សន៍ហង្សមាស បានបង្កឱ្យមានកំហឹងប្រតិកម្ម នៅ ពេលលោកធ្វើអត្ថាធិប្បាយបែបនេះអំឡុង “ កម្មវិធីព័ត៌មានពេលព្រឹក ” ដ៏ពេញនិយម របស់លោក កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ ដែលនៅក្នុងនោះ លោកក៏បានប្រាប់ឱ្យ ស្ត្រីៗ “ ប្រើពាក្យផ្អែមល្ហែមដាក់សត្រូវ [ជនចាប់រំលោភ] ” ហើយកុំតតាំង។

បន្ទាប់ពីក្រុមការពារសិទ្ធិស្ត្រី រៀបចំញត្តិតាមអុីនធឺណិតប្រឆាំងនឹងពិធីករព័ត៌មានរូបនេះមក លោក មាស រិទ្ធី ក៏បានសុំទោស នៅក្នុងម៉ោងផ្សាយ កាលពីម្សិលម៉ិញនេះដែរ អំឡុងកម្មវិធីរបស់លោក ។ ប៉ុន្តែលោកបានព្យាយាមនិយាយការពារទង្វើររបស់លោក ម្ដងហើយ ម្ដងទៀត ហើយបាន និងគូស បញ្ជាក់ថា អ្វីដែលលោកនិយាយ គឺជាការព្យាយាមអប់រំដល់ស្ត្រីប៉ុណ្ណោះ ។

លោកស្រី រស់ សុភាព នាយិកាអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា បានមានប្រសាសន៍កាល ពីម្សិលមិញថា “ គាត់ពិតជាគ្មានបំណងសុំទោសទេ”។ នៅក្នុងវីដេអូឃ្លីបរយៈពេល ២៧នាទី ពីកម្ម វិធីផ្សាយព័ត៌មានពេលព្រឹករបស់លោកដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក លោក មាស រិទ្ធី បានអះអាងថា លោកគ្មានបំណងធ្វើឱ្យប៉ះពាល់ ដល់អ្នកណាម្នាក់ទេ ។ លោកលើកឡើង ដូច្នេះថា “ ខ្ញុំអត់មានចេតនាអាក្រក់ទៅលើអ្នកណាម្នាក់ទេ ” ។ “ ប៉ុន្តែឥឡូវក៏ខ្ញុំត្រូវតែសុំទោសចំពោះបុគ្គល ឬស្ត្រីដែលគាត់គិតថា អាពាក្យពេចន៍ណុងអត់ល្អទេ អត់ត្រូវទេ។ បើវាប៉ះពាល់ទៅលើបងប្អូន ខាង ណុង ខ្ញុំក៏សុំទោសដែរ ”។

លោក មាស រិទ្ធី បានអះអាងថា លោកគ្រាន់តែនិយាយលេងសើចតែប៉ុណ្ណោះ ហើយការធ្វើអត្ថាធិ ប្បាយ របស់លោកធ្វើឡើងក្នុងបំណងអប់រំ ។ លោកថ្លែងថា “ ខ្ញុំអរទៅវិញទេនៅពេល មានការរិះ គន់ មកលើខ្ញុំ  ហើយមើលឃើញរាល់ចំណុចខ្វះខាត ដែលខ្ញុំគិតមិនដល់ ។ ខ្ញុំសុំទោសចំពោះការ លេងសើចនេះ”។ ប៉ុន្តែលោកស្រី ខាធើរីនហារី (Catherine Harry)ជាអ្នកសរសេរប្លក់ព័ត៌មានកម្ពុជា ដែលបានបង្ហោះវីដេអូមួយ ពិភាក្សាអំពីការធ្វើអត្ថាធិប្បាយ របស់លោក មាស រិទ្ធី កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានមានប្រសាសន៍ថា ការសុំទោសរបស់គាត់មិនទាន់ល្អគ្រប់គ្រាន់ ដែលអាចទទួល យកបានទេ។ លោកស្រីបានបន្តថា "ភាគច្រើនគឺគាត់ព្យាយាមខ្លាំង ដើម្បីការពារអ្វីដែលគាត់លើក ឡើងដើម្បីការពារភាពអាម៉ាស់របស់គាត់ " ។ លោកស្រី លើកឡើងបន្ថែមទៀតថា “ គាត់បានបន្ត ព្យាយាមដោះសារថា ការអត្ថាធិប្បាយរបស់គាត់ជា ‘ ការលេងសើច ’ ដែលមិនមាន បំណងធ្វើឱ្យ ប៉ះពាល់ដល់អ្នកណា។ សាធារណជន ជាពិសេសប្រព័ន្ធផ្សព្វផ្សាយចាំបាច់ត្រូវយល់ថា ‘ការលេង សើច” បែបនេះមិនមែនមិនប៉ះពាល់ទេ។ វាធ្វើអោយចាក់ឫសវប្បធម៌ ចាប់រំលោភដែលបានធ្វើឱ្យ មនុស្សរាប់រយនាក់ក្លាយជាជនរងគ្រោះ” ។
លោកស្រី រស់ សុភាព មានប្រសាសន៍ថា ពេលនេះសកម្មជនទាំងនេះ ក៏គ្រោងនឹងដាក់លិខិតចំហ មួយ ទៅក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី ដើម្បីស្នើអោយរដ្ឋាភិបាល ចេញការព្រមានចំពោះ លោក មាស រិទ្ធី។ពួកគេក៏មានគម្រោងសរសេរលិខិតផ្ញើទៅស្ថានីយទូរទស្សន៍ហង្សមាសដើម្បីស្នើ សុំឱ្យខាងទូរទស្សន៍បណ្តុះបណ្តាលលោក មាស រិទ្ធី ពីរបៀបចៀសវាងការធ្វើអត្ថាធិប្បាយបែបនេះ ទៀតនៅពេលអនាគត។


ញត្តិមួយ រៀបចំដោយ សកម្មជនសិទ្ធិស្ត្រី កាលពីថ្ងៃសៅរ៍ ដែលទាមទារអោយលោក មាស រិទ្ធី សុំ ទោសជាសាធារណៈ និង ទទួលខុសត្រូវចំពោះក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានពេលធ្វើសេចក្ដី រាយការណ៍ពីអំពើហិង្សាលើស្ត្រី ប្រមូលបានស្នាមមេដៃប្រហែល១.៥០០ មុនពេលលោក មាស រិទ្ធី បង្ហាញមុខលើកញ្ចក់ទូរស្សន៍កាលពីម្សិលមិញ ដើម្បីឱ្យលោកសុំទោស។

ទាក់ទងបានតាមទូរស័ព្ទ កាលពីម្សិលមិញ លោក មាស រិទ្ធី យល់ឃើញថា សំណើណាមួយ ដែល សុំឱ្យចាត់វិធានការបន្ថែមលើរូបលោកគឺ “លើស” ពីការចាំបាច់ ។ លោកមានប្រសាសន៍ថា “ខ្ញុំមិន ដឹងថាពួកគាត់ [ សកម្មជន ] ពិតជាមានបំណងជួយស្ត្រីពិតប្រាកដ ឬក៏ អត់នោះទេ ” ។ លោកបាន បន្ថែមថា លោកយល់ថា ការធ្វើអត្ថាធិប្បាយរបស់លោក មិនបានបំពានក្រមសីលធម៌ វិជ្ជាជីវៈសារ ព័ត៌មានទេ។ ប៉ុន្តែលោកគូសបញ្ជាក់ថា  លោកនឹងគោរពតាមការណែនាំរបស់ក្រសួង។


លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកព័ត៌មាន មិនយល់ស្រប តាមការយល់ឃើញរបស់លោក មាស រិទ្ធី នោះទេ។លោកថ្លែងថា“ខ្ញុំយល់ថា នេះជាការបំពានក្រម សីលធម៌ ដែលមិនមែនសម្រាប់តែអ្នកសារព័ត៌មានសទេ ប៉ុន្តែសម្រាប់សាធារណជនទូទៅ អ្នកប្រើ ប្រាស់ហ្វេសប៊ុក និងសូម្បីក្រមសីលធម៌ផងដែរ”។

ទោះបីជាយ៉ាងណា លោកបានលើកឡើងថា ប្រសិនបើលោក មាស រិទ្ធី នៅតែបន្តធ្វើអត្ថាធិប្បាយ ស្រដៀងនេះទៀត ស្ថានីយទូរទស្សន៍របស់លោក គួរតែចាត់វិធានការកុំចាំរដ្ឋាភិបាល ។ លោកស្រី រស់ សុភាព បានលើកឡើងថា សកម្មជនទាំងនេះសង្ឃឹមថា នឹងដាក់លិខិតចំហ ដែលព្រាងចុង ក្រោយទៅក្រសួងនៅថ្ងៃនេះ។ ចំណេកឯលោកស្រី ខាតធើរីន ហារី ថ្លែងថា “ខ្ញុំពិតជាយល់ថា មិន គួរលាក់បាំងបញ្ហានេះទេ ពីព្រោះគាត់បានចេញមុខជាសាធារណៈ ហើយបាននិយាយការពារ ពាក្យសម្ដី និងទង្វើរបស់គាត់។ ការលេងសើចមិនកំប្លែងទេ នៅពេលមានតែគាត់សើចម្នាក់ឯង”៕

ប្រភពខេមបូឌា ដេលី
អត្ថបទ ៖ សុខុម

0 comments:

Post a Comment