Wednesday, September 27, 2017

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គាំទ្រគម្រោងកសិកម្មធន់នឹងគ្រោះមហន្តរាយ នៅកម្ពុជា

News New : ក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍អាស៊ី ( ADB )  បានអនុម័តលើហិរញ្ញប្បទាន បន្ថែម ក្នុងទឹកប្រាក់ ៥០លានដុល្លារអាមេរិក ដើម្បីជួយបង្កើនផលិតភាពកសិកម្ម និងលើកកម្ពស់ លទ្ធភាពទទួលបានទីផ្សាររបស់កសិករខ្នាតតូច ក្នុងឃុំចំនួន ២៧១ ជុំវិញបឹងទន្លេសាប ដែលងាយ រងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ ។

គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច នៅតំបន់ទន្លេសាបនេះ បានទទួលការ
អនុម័តដំបូង កាលពីខែធ្នូ ឆ្នាំ ២០០៩ ជាមួយនឹងទឹកប្រាក់សរុប ៥១,១៥លានដុល្លារអាមេរិក។ ចាប់ តាំងពីពេលនោះមក គម្រោងនេះបានជួយគាំទ្រសកម្មភាពអភិវឌ្ឍន៍ជាច្រើន ដូចជា៖ ផ្លូវលំជនបទ និងហេដ្ឋារចនា-សម្ព័ន្ធផ្សេងៗ ក៏ដូចជាបានលើកកម្ពស់ការងារកសិកម្ម និងជីវភាពរស់នៅរបស់ប្រ ជាពលរដ្ឋ ក្នុងឃុំចំនួន ១៩៦ ក្នុងខេត្តចំនួន ៥ គឺ៖ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តត្បូងឃ្មុំ ។

ហិរញ្ញប្បទានបន្ថែមនេះនឹងជួយឲ្យមានការបន្ថែមសមាសភាគគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ទៅក្នុងកម្មវិធីនេះ និងជួយពង្រីកវិសាលភាពនៃកម្មវិធីនេះដល់ឃុំចំនួន៧៥ ទៀតនៅក្នុងខេត្តកំពង់ ធំ និងខេត្តថ្មីពីរទៀត គឺខេត្តបាត់ដំបង និងខេត្តព្រៃវែង ។

អ្នកស្រី Thuy Trang Dang អ្នកឯកទេសផ្នែកធនធានទឹក នៃធនាគារអភិវឌ្ឍន៍អាស៊ី មានប្រសាសន៍ ថា“ហិរញ្ញប្បទានបន្ថែមនេះ នឹងជួយរដ្ឋាភិបាលបង្កើនផលិតភាពកសិកម្ម ធ្វើពិពិធកម្ម សកម្មភាព សេដ្ឋកិច្ចនៅជុំវិញបឹងទន្លេសាប ដើម្បីផ្តល់ប្រយោជន៍ដល់កសិករខ្នាតតូច និង បង្កើតជាគំនិតផ្តួច ផ្តើមអភិវឌ្ឍន៍ ដែលឆ្លុះបញ្ចាំងពីតម្រូវការរបស់សហគមន៍មូលដ្ឋាន ។ សហគមន៍ដែលមានហេដ្ឋា រចនាសម្ព័ន្ធ ដែលកាន់តែអាចធន់ទ្រាំជាមួយនឹងអាកាសធាតុ នឹងអាចធូរស្រាលពីគ្រោះមហន្តរាយ ធម្មជាតិនានាបានយ៉ាងឆាប់រហ័ស” ។

វិស័យកសិកម្មគឺជាវិស័យដ៏មានសារៈសំខាន់ក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយសារតែវិស័យ នេះ ផ្តល់ការងារដល់ប្រមាណជា ៧០ % នៃគ្រួសារ ដែលរស់នៅតាមតំបន់ជនបទ  ហើយក៏បានរួម ចំណែកដល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រ កាលពីពេលថ្មីៗនេះផងដែរ។

អត្រានៃភាពក្រីក្រ របស់កម្ពុជា បានថយចុះដល់ក្រោម ១៤ % ក្នុងឆ្នាំ ២០១៤ ពី ៥៣ % កាលពីឆ្នាំ ២០០៤ ។  ក៏ប៉ុន្តែកំណើនក្នុងវិស័យនេះ បានថមថយ ក្នុងឆ្នាំកន្លងទៅថ្មីៗនេះ ដោយសារតែវិស័យ កសិកម្មប្រឈមនឹងបញ្ហាមួយចំនួនដូចជាការរិចរឹលនៃធនធានធម្មជាតិ ផលិតភាពមានកម្រិតទាប សង្វាក់តម្លៃនៅទន់ខ្សោយ និងភាពងាយរងគ្រោះខ្ពស់ទៅនឹងការប្រែប្រួលអាកាសធាតុ ។

ហិរញ្ញប្បទានបន្ថែមនេះ នឹងជួយដល់ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រខ្នាតតូច ក៏ដូចជាការកសាង និងការស្តារឡើងវិញនូវផ្លូវលំជបទ ដោយមានបញ្ចូលការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយទៅ ក្នុងការរៀបចំគម្រោងទាំងនោះ។ ហិរញ្ញប្បទានបន្ថែមនេះ ក៏នឹងជួយឲ្យសហគមន៍ចេះធ្វើកសិកម្ម ដែលវៃឆ្លាតតាមស្ថានភាពអាកាសធាតុ បង្កើនលទ្ធភាព របស់កសិករក្នុងការទទួលបានទិន្នន័យទី ផ្សារ និងបន្តអភិវឌ្ឍសង្វាក់តម្លៃសម្រាប់កសិផលរបស់ខ្លួនផង។

គម្រោងនេះ ទទួលបាន សហហិរញ្ញប្បទាន ពីហិរញ្ញប្បទានសម្បទាន ១០លានដុល្លារ ពីមូលនិធិ អន្តរ ជាតិសម្រាប់អភិវឌ្ឍ៍កសិកម្ម និងការគាំទ្រពីរដ្ឋាភិបាលសមមូលនឹងទឹកប្រាក់ ៦លានដុល្លារ។

ធនាគារអភិវឌ្ឍន៍អាស៊ី គឺ មានការិយាល័យកណ្តាលនៅទីក្រុងម៉ានីល ប្តេជ្ញាកាត់បន្ថយភាពក្រីក្រ នៅអាស៊ី និងប៉ាស៊ីហ្វិក តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន កំណើនដែលធានាដល់ ចីរភាពបរិស្ថាន និងសមាហរណកម្មតំបន់ ។ បង្កើតឡើងក្នុងឆ្នាំ១៩៦៦ ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងប្រារព្វខួបលើកទី៥០ឆ្នាំ នៃភាពជាដៃគូអភិវឌ្ឍន៍របស់ខ្លួនក្នុងតំបន់។ ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាកម្មសិទ្ធរបស់សមាជិកចំនួន ៦៧ប្រទេស ក្នុងនោះមានប្រទេសចំនួន ៤៨ ស្ថិតនៅក្នុងតំបន់។ ក្នុងឆ្នាំ២០១៦ ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ជំនួយសរុបចំនួន ៣១,៧ពាន់លានដុល្លារ ក្នុងនោះ រួមមាន ១៤ពាន់លានដុល្លារ ជាសហហិរញ្ញប្បទាន៕

អត្ថបទ ៖ គន្ធា

0 comments:

Post a Comment