Friday, September 15, 2017

លោក ស សុខា សំដែងអារម្មណ៍... នៅពេលកីឡាករ មី រស្មី របស់ក្លិបវិសាខា ត្រូវក្លិបថៃដ៏ល្បីទិញ..

News New : លោក ស សុខា អនុ​ប្រធាន​ទី​១ សហ​ព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា បាន​សំដែង​ការ​អប​អរ​សាទរ​ ដោយ​កីឡាករ​បាល់​ទះ មី រស្មី (​ពាក់​អាវ​លេខ​៨​) ត្រូវក្លិប​បាល់​ទះ​ដ៏​ល្បី​របស់​ថៃ NK Fitness ជ្រើស​រើស(​ទិញ​) យក​ទៅ​លេង​ឲ្យ​ក្លិប​របស់​ខ្លួន​។ តាម​លោក ស សុខា បន្ត​ថា កីឡា​ករ មី រស្មី  សព្វ​ ថ្ងៃ​កំពុង​លេង​ឲ្យ​ក្លិប​វិ​សា​ខា​របស់​កម្ពុជា ជា​កីឡា​ករ​ប្រកប​ដោយ​ទេព​កោសល្យ​ ។ លោក​ថា នេះ​​ជា​លើក​ទី​១ ​ហើយ​ ដែល​បរទេស​ទិញ​​កីឡា​ករ​ខ្មែរ ​ទៅ​លេង League នៅ​​ប្រទេស​​ថៃនា​​​ប៉ុន្មាន​​សប្ដាហ៍​​ខាង​​មុខ​​នេះ​​ រហូត​ពេញ​មួយ​រដូវ​កាល​ ពោល​គឺ លេង​រហូត​ដល់​ចូល​ឆ្នាំ​ខ្មែរ​។

កីឡា​ករ មី រស្មី ជា​កីឡា​ករ​ប្រកប​ដោយ​ទេព​កោសល្យ ដែល​រួម​មាន​ទាំង​បច្ចេក​ទេស ល្បិច​កល  និង ភាព​វាង​វៃ​រហ័ស​រហួន​ក្នុង​ចំណោម​​កីឡា​ករ​​ជា​​ច្រើន​​ទៀត ​​របស់​​ក្លិប​​បាល់​ទះ​​វិ​សា​ខា​។ ក្លិប​បាល់​ទះ​វិ​សា​ខា​ ជា​ក្លិប​កំពុង​ទទួល​ប្រជា​ប្រិយ​ភាព និង​ល្បី​​ឈ្មោះ​បោះ​សម្លេង​ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​ឆាក​អន្តរជាតិ​។ ក្លិប​នេះ​ បាន​នាំ​កី​ឡាករ​ចេញ​ប្រកួត​រាប់​ភ្លេច​ដង​ទាំង​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស​ ដោយ​តែង​តែ​ទទួល​បាន​ពាន​រង្វាន់​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ធំ​ៗ នាំ​មក​នូវ​កិត្តិ​ស័ព្ទ​ជូន​ជាតិ ពិសេស​លើក​កម្ពស់​វិស័យ​កីឡា​​កម្ពុជា​។

តាម​ហ្វេស​ប៊ុក លោក ស សុខា សរសេរ​ថា [​ក្នុង​នាម​ជា​ខ្មែរ​មួយ​រូប សូម​សំដែង​នូវ​ការ​អប​អរ​សាទរ​ ដែល​កីឡា​ករ ខ្មែរ​​យើង​​មាន​​មោទ​​នភាព មិន​ចាញ់​កីឡា​ករ​បរទេស មាន​​ឱកាស​​ស្មើ​​មុខ​​ស្មើ​មាត់​ជា​មួយ​​ប្រទេស​​ជិត​​ខាង ពិសេស ក្លិប​ល្បី​នៅ​ប្រទេស​ថៃ​ជ្រើស​រើស (ទិញ) យក​​ទៅ​លេង​ក្នុង​ក្លិប​ខ្លួន​។ សូម​​ជូន​​ពរ​​ឲ្យ​​​ទទួល​​បាន​​ជោគ​​ជ័យ ​លើក​កិត្តិ​យស​ជាតិ​យើង​]​៕





អត្ថបទ ៖ អារុណ

0 comments:

Post a Comment