Sunday, September 3, 2017

តើមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ រូបណា នឹងក្លាយជាប្រធានស្តីទី ?

បទវិភាគ ៖ គណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោក សម រង្ស៊ី រត់គេចពីការផ្តន្ទាទោស និង បានសុំ លាលែងពីប្រធានបក្ស មក លោក កឹម សុខា ត្រូវបានជ្រើសរើសជា ប្រធានបក្សថ្មី ដោយមានអនុ ប្រធានចំនួន ៣រូប រួមមាន ៖ ទី១ . គឺ លោក ប៉ុល ហំ មកពីគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា ទី២. លោក អេង ឆៃអ៊ាង និងទី៣. លោកស្រី មួរ សុខហួរ អ្នកទាំងពីរ គឺមកពីគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី ។ បើផ្នែកតាមកូតានេះ គណបក្ស សិទ្ធិមនុស្ស របស់លោក កឹម សុខា គឺ មានប្រៀបជាងគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី ព្រោះថា ប្រធានបក្ស គឺលោក កឹម សុខា អនុប្រធានបក្សទី១ លោក ប៉ុល ហំម ជាមនុស្សរបស់លោក កឹម សុខា ទៀត។ ចំណែកឯគណបក្ស សម រង្ស៊ី ដែលគណបក្សមានសំលេងឆ្នោតច្រើនជាង គណបក្ស សិទ្ធិមនុស្ស បែរជាធ្លាក់នៅក្រោម គណបក្ស សិទ្ធិមនុស្ស ដាច់ទៅវិញ។ មានន័យថាគណបក្សសិទ្ធិមនុស្ស និងលោក កឹម សុខា ហាក់ មានប្រៀបជាងគណបក្ស សម រង្ស៊ី និងលោក សម រង្ស៊ី ខ្លាំងណាស់ ។

បើយោងតាមការបែងចែកខាងលើនេះ លោក ប៉ុល ហំ គឺ មានប្រៀបជាង លោក អេង ឆៃអ៊ាង និង
លោកស្រី មួរ សុខហួរ ព្រោះគាត់ជាអនុប្រធានលេខរៀងទី១ ។ ប៉ុន្តែបច្ចុប្បនេះ ប្រហែលមិនអាច ទៅរួចនោះទេ ព្រោះពីមុនមានលោក កឹម សុខា ជាប្រធានបក្ស ចេះតែដាក់លោក ប៉ុល ហំម បាន។
ចំណែកពេលនេះ លោក កឹម សុខា មិនមានវត្តមាននៅក្នុងបក្សទៀតទេ ព្រោះលោកត្រូវសមត្ថកិច្ច ឃាត់ខ្លួនទៅហើយ។ ដូច្នោះលោក ប៉ុល ហំម ពុំមានអ្វីអាងដូចពីមុនដែរ ។ ហើយបើយើង ក្រឡេក មើលទៅមន្ត្រីក្នុងជួរគណបក្សសង្គ្រោះជាតិវិញ ភាគច្រើន គឺជាមន្ត្រីមកពីគណបក្ស សម រង្ស៊ី មាន ន័យថា សំលេង សម រង្ស៊ី ច្រើនជាងសំលេង សិទ្ធិមនុស្ស ។


ពិតណាស់ គណបក្សសង្គ្រោះជាតិ អាចនឹងជ្រើសរើសលោក ប៉ុល​ ហំម ធ្វើជា ប្រធានស្តីទីបក្ស ។ តើវាសមទេ ? បើដូច្នោះមែន តើមន្ត្រីជាន់ខ្ពស់មកពីគណបក្ស សម រង្ស៊ី និងលោក សម រង្ស៊ី នៅតែ ចាញ់ប្រៀបលោក កឹម សុខា និងគណបក្ស សិទ្ធិមនុស្ស របស់លោក កឹម សុខា ដដែល ។ អ៊ីចឹងទេ វាសនាគណពក្សសង្គ្រោះជាតិ កាន់តែវីវរហើយ ព្រោះយើងក៏មិនអាចដឹងមុនថា លោក ប៉ុល ហំម ជាមនុស្សជំនិតរបស់លោក កឹម ​សុខា នេះ នាពេលខាងមុខទៅ អាចមានរឿងដូចជាលោក កឹម សុ ខា ដែររឺក៏យ៉ាងណា? ផ្ទុយទៅវិញបើគណបក្សសង្គ្រោះជាតិ ជ្រើសតាំងលោក អេង ឆៃអ៊ាង រឺលោក ស្រី មួរ សុខហួរ ជាប្រធានស្តីទី អាចគ្រាន់បើជាង ព្រោះវាបាន ផ្តល់យុត្តិធម៌ឱ្យ គណបក្ស សម រង្ស៊ី វិញម្តង ហើយសំខាន់ គឺ សំលេងគណបក្ស សម រង្ស៊ី ក៏ច្រើនក៏មិនសូវមានប្រតិកម្ម គ្រាន់តែខ្លាចថា លោក ប៉ុល ហំ មិនសុខចិត្តវិញ ដោយខ្លួននៅលេខរៀងទី១ និងមានអាយុច្រើនជាងគេនោះ។

ជុំវិញការជ្រើសតាំងប្រធានស្តីទីនេះដែរ កាលពីព្រឹកម៉ិញនេះមន្ត្រីជាន់ខ្ពស់បក្សសង្គ្រោះជាតិ ចំនួន
១៧នាក់ បានបើកកិច្ចប្រជុំផ្ទៃក្នុងបន្ទាន់ ដោយបិទទ្វារមិនឱ្យអ្នកកាសែតចូលឡើយ។ ចំណែកក្រុម
កូនលោក កឹម សុខា មកដល់ក្រោយគេ។ប៉ុន្តែទោះយ៉ាងនេះក្តី ស្រាប់តែមានលេចលឺការខ្សឹបខ្សៀវ ពី នគរព្រះអាទិត្យ មកថា ទំនងលោក យឹម សុវណ្ណ អាចនឹងក្លាយជាប្រធានស្តីទីគណបក្សសង្គ្រោះ ជាតិ ទៅវិញ ៕

អត្ថបទវិភាគ ៖ ខ្សាច់សមុទ្រ
បញ្ជាក់ ៖ អត្ថបទខាងលើនេះ គ្រាន់តែជាបទវិភាគប៉ុណ្ណោះ ។




0 comments:

Post a Comment