Tuesday, November 21, 2017

បណ្ឌិត ឡាច សំរោង ៖ មនុស្សមិនត្រូវភ្លេចប្រវត្តិសាស្ត្រ ៣ចំណុច នោះទេ បើមិនដូច្នោះ នឹងក្លាយជា...

News New : ទោះជាត្រូវបាត់បង់ទៅក្នុងបុរេកាល (អតីតកាលទាំងចាស់ទាំងថ្មី)​ យ៉ាងណាក៏ដោយ​ ក៏កំណត់ត្រាធម្មជាតិ (ថ្ងៃ​ ខែ​  ឆ្នាំ​ ដែលមានជាប្រចាំនៅក្នុងចក្រវាឡ​ និងផែនដីនេះ​ ដែលត្រូវបែង ចែកយ៉ាងប្រត្យក្សដោយ​ប្រក្រតិទិន​ (ទោះបីជាត្រូវបានចងក្រងឡើងដោយ​ខឿនអរិយធម៌​  វប្បធម៌​ ជាតិសាសន៍ សាសនាយ៉ាងណាណាក៏ដោយ​ )​ មួយដែលមានទិន្នានុប្បវត្តិច្បាស់លាស់​ ហើយ គឺ កំណត់ត្រាដែលតាក់តែងឡើងដោយធម្មជាតិ​ និងមនុស្សទាំងនោះហើយ​ ដែលត្រូវប្រសិទ្ធនាមថា​ ប្រវត្តិសាស្រ្ត​  ។ គឺនៅក្នុងប្រវត្តិសាស្រ្តនេះហើយ ​ដែលមានសញ្ញាណពីរ​ផ្ទុយពីគ្នា​នោះគឺ ៖
​   ១.​ សញ្ញាណប្រវត្តិ​ នៃប្រវត្តិសាស្រ្ត​ ហើយដែលសញ្ញាណនេះ​ បានបង្ហាញយ៉ាងច្បាស់ថា​ ប្រវត្តិ សាស្រ្ត គឺមិនអាចប្រែប្រួលដោយសារតែការខិតខំកែកាឡៃ​ដោយស្នាដៃមនុស្សនោះទេ។ ពីព្រោះ គេមិនអាចទាញយកបាននូវម៉ោង​ ថ្ងៃ​ ខែ​ ឆ្នាំ​ ទីតាំងព្រឹត្តិការណ៍​ ហេតុការណ៍​ និង​គ្រប់លោកធាតុ ទាំងអស់ ដែលមាន​វត្តមាននៅពេលនោះឲ្យត្រឡប់ក្រោយបានវិញនោះឡើយ​ ។
​   ២.សញ្ញាណនៃការបំភ្លេចប្រវត្តិសា្រស្ត​ ដោយភាពអំណួតរបស់លោកធាតុ (សំដៅលើមនុស្ស)​  ចំពោះប្រវត្តិសាស្រ្តដែលខ្លួនធ្លាប់បានឆ្លងកាត់​ ។
នៅក្នុងចំណុចទីពីរខាងលើនេះហើយ​  ដែលខ្ញុំសូម​លើកយកមកបង្ហាញដោយសង្ខេបថា​:​  មនុស្ស លោកបច្ចុប្បន្នមួយចំនួនធំ​រមែងតែងព្រលែងខ្លួនឲ្យភ្លេចប្រវត្តិ(ប្រវត្តិសាស្រ្ត)​របស់ខ្លួនដោយអំណួត នឹងបច្ចុប្បន្នភាពរបស់ខ្លួនដែលកំពុងមាន។ជាឧទាហរណ៍នេះខ្ញុំបាទសូមលើកយកការបំភ្លេចប្រវត្តិ សាស្រ្តបីផ្នែកធំៗមកបង្ហាញដូចខាងក្រោមនេះ​ ៖
​     ១.​ ពេលមនុស្សកើតមកភ្លាម​ដំបូងបំផុតគេ​បានស្គាល់ថា​គឺមាតា​បិតារបស់គេជាអ្នកផ្តល់កំណើត ឲ្យគេ ​។  បន្ទាប់មក​ចឹញ្ចិម​បីបាច់ថែរក្សារៀនសូត្ររហូតដល់ធំពេញវ័យ​។ លុះពេលគេចេញ​ប្រកប កិច្ចការមា​នភាពថ្កុំថ្កើង​ រុងរឿងជោគជ័យក្នុងឆាកជីវិត​ គេថា​:​ នេះជាការតស៊ូ​ប្រឹងប្រែងរបស់គេ រួម ទាំង​វាសនា​ ព្រហ្មលិខិតផលបុណ្យរបស់គេពីជាតិមុនល្អផង​ ។
​     ២.​មនុស្សមួយចំនួនធំ នៅពេលដែលគេនាំគ្នាប្រមូលផ្តុំគ្នាធ្វើកិច្ចការអ្វីមួយ​ហើយទទួលបាន ជោគជ័យ​ ស្រាប់តែមានម្នាក់ ឬពីរ​នាក់ (ជាមេដឹកនាំ) គិតថា​ គឺមកពីខ្លួនគេ​ ចេះដឹងមានបញ្ញា​វាងវៃ​ ហើយបានទាញយកប្រយោជន៍ទាំងនោះ ទៅឱបក្រសោបសោយ​សុខ​ទុកតែម្នាក់ឯង ដូចពាក្យ ចាស់បុរាណលោកពោលថា​ " ចូលព្រៃរកអំពាវគ្នាមកជុំ​ លុះបានស្ករទឹកឃ្មុំ​  ពួនសម្ងំ​ឆីម្នាក់ឯង​"..។
​    ៣.ស្ថានភាពជាក់ស្តែង នៃប្រវត្តិសាស្រ្ត​ នៅក្នុងរបប ​៣ឆ្នាំ ៨ខែ​ ២០ថ្ងៃ​ (របប​វាលពិឃាតខ្មែរ ក្រហម​ )​  មនុស្សគ្រប់ៗរូបដោយភ័យខ្លាច​ និងភាពអត់ឃ្លានដាច់ពោះស្លាប់​រឺត្រូវគេយកទៅ​សម្លាប់​ ក៏តែងតែលើកដៃប្រណម្យបួងសួងថា​ ឱ! ទេវតាអើយ​សូមជួយខ្ញុំផង​ បើបានរួចខ្លួនសុំតែម៉ារស់ទេ​ មិនភ្លេចគុណអស់មួយជីវិត...។ ល។ល។ តែនៅក្រោយថ្ងៃរំដោះ​ ៧​ ខែមករា​ ឆ្នាំ១៩៧៩​ ក្រោយពី បាន​រស់​នៅសុខស្រួល​ មនុស្សបានប្រែធាតុអស់​ ភ្លេចប្រវត្តិស្បថស្បែររបស់ខ្លួន​ថា:​ សុំតែមួយរស់​ មិនភ្លេច គុណទេ​...។ ល។ ល។ ជាពិសេសនោះ នៅ​ពេលថ្មីៗនេះ​ មានមនុស្សមួយចំនួន (ទាំងក្នុង និងក្រៅ)ថែមទាំងធ្វើជាភ្លេចប្រវត្តិសាស្រ្ត​ ភ្លេចគុណបុណ្យ​ ថ្ងៃទី០៧​ ខែមករា​ ឆ្នាំ ១៩៧៩​ ថែមទៀត ផង​  ។
សរុបសេចក្តីមកវិញ​  ទោះបីជាអ្នកទៅដល់ទីណាក៏ដោយ​  ទទួលបានជោគជ័យមានអ្វីៗទាំងអស់ ក៏ដោយ​ សូមកុំភ្លេចប្រវត្តិសាស្រ្តទាំងបីចំណុចខាងលើនេះឲ្យសោះ​។ ព្រោះបើអ្នកបំភ្លេច នូវប្រវត្តិ សាស្រ្តទាំងបីចំណុចខាងលើនេះហើយ​ នោះជីវិតអ្នកនឹងរស់នៅ ក្នុងប្រវត្តិសាស្រ្តខ្លួនឯងរាប់តំណ តទៅមុខថា​ ជាមនុស្សអ​សីលធម៌ និង​ អគុណធម៌ជារៀងដរាប​៕

អត្ថបទ ៖ បណ្ឌិត ឡាច​  សំរោង សាកលវិទ្យាធិការសាកលវិទ្យាល័យ ចំរើនពហុបច្ចេកវិទ្យា(CUP)

0 comments:

Post a Comment